សព្វថ្ងៃនេះ ការប្រើប្រាស់ជី និងសារធាតុគីមីផ្សេងៗ ក្នុងវិស័យកសិកម្ម លែងជាបញ្ហាគួរឲ្យភ្ញាក់ផ្អើលទៀតហើយ ជាពិសេស គឺបន្លែ និងផ្លែឈើ ដែលមនុស្សត្រូវទទួលទានជារៀងរាល់ថ្ងៃ។ អ្នកប្រាកដជាធ្លាប់ តាមដានសកម្មភាពរបស់ម៉ាក់ នៅពេលដែលគាត់ទិញបន្លែ ផ្លែឈើម្តងៗជាក់ជាមិនខាន។
ជាក់ស្តែង អ្នកមិនចាំបាច់ចាំសួរ និងចាំសង្កេតតទៅទៀតទេ ពីព្រោះថ្ងៃនេះ យើងនឹងលើកយកពីវិធីសាស្រ្ត ក្នុងការជ្រើសរើសប្រភេទ បន្លែ ផ្លែឈើ ដែលមានគុណភាពស្រស់ល្អ គ្មានជាតិគីមី ជូនប្រិយមិត្តខ្មែរឡូតទាំងអស់គ្នា!ដំបូងអ្នកត្រូវស្វែងយល់ពីចំណុចមូលដ្ឋានមួយចំនួន ជាមុនសិន ដើម្បីអាចធានាថាអ្នកអាចទិញបានបន្លែ និងផ្លែឈើ ដែលគ្មានជាតិគីមី ឬលូតលាស់ដោយធម្មជាតិបាន
១. ជំហានដំបូង ៖ តាមរដូវកាល
ជ្រើសរើស បន្លែនិងផ្លែឈើ តាមរដូវកាលមានន័យថា អ្នកទទួលទានអាហារ ដូចដែលធម្មជាតិបានបម្រុងទុក។ ជាពិសេស វាប្រាកដជាត្រូវបានដាក់លក់ភ្លាមៗ ក្រោយពីប្រមូលផល ហេតុនេះ អ្នកនឹងទទួលបានបន្លែនិងផ្លែឈើ ដែលស្រស់ និងផ្តល់នូវសុខភាពល្អបំផុត ជាក់ជាមិនខាន។
២. ជំហានទីពីរ ៖ ប្រើភ្នែក
សូមកុំជ្រើសរើសបន្លែនិងផ្លែឈើ ដែលរលោងស្អាត មើលទៅឥតខ្ចោះ ឲ្យសោះ។ ទំហំក៏មិនចាំបាច់ធំដែរ ជាពិសេស មានពណ៌ស្រស់ធម្មតា មិនមែនដិតភ្លឺ ដូចជាបន្ថែមពណ៌នោះទេ។ សម្រាប់បន្លែស្លឹកវិញ មើលលើពណ៌បែតងស្រស់របស់វា ជាពិសេស កុំឲ្យមានពណ៌លឿងនៅចុងសន្លឹកឲ្យសោះ។ ជាងនេះទៅទៀត ជ្រើសរើសបន្លែនិងផ្លែឈើណា មានស្នាមអុជ ឬជ្រាំងខ្លះ ដែលមានន័យថា វាជាដំណាំធម្មជាតិ និងអាចទុំស្មើសាច់ ខុសពីដំណាំមានគីមី។
៣. ជំហានទីបី ៖ ប្រើដៃប៉ះ
អ្នកត្រូវរើសបន្លែនិងផ្លែឈើដែលស្ទាបទៅរឹង ឧទាហរណ៍ដូចជា ផ្លែប៉ោម ប៉េងប៉ោះ ចេក និងស្ពៃក្តោប។ រីឯបន្លែស្លឹកវិញ ត្រូវមានលក្ខណៈស្រួយ និងបត់បែនបាន។ សម្រាប់ផ្លែត្រសក់ ត្រសក់ស្រូវ ល្ពៅ ត្រឡាច ត្រូវមានលក្ខណៈធ្ងន់ ណែនល្អ។
៤. ជំហានទីបួន ៖ ហិតក្លិន
ប្រភេទផ្លែឈើមួយចំនួន មានភាពងាយស្រួលក្នុងការហិតក្លិន ឧទាហរណ៍ដូចជាផ្លែចេក ជាដើម។ អ្វីដែលអ្នកត្រូវចងចាំគឺ ត្រូវជ្រើសរើសបន្លែនិងផ្លែឈើ ដែលមានរូបរាងខាងក្រៅស្អាត និងមានក្លិនក្រអូបឈ្ងុយ ទៅតាមប្រភេទរបស់វា។ ក្នុងករណី ដែលអ្នកត្រូវទិញទុកយូរ អ្នកអាចជ្រើសរើសបន្លែនិងផ្លែឈើ ដែលមានក្លិនស្រាល ដើម្បីការពារកុំឲ្យទុំជោរ។
# ខាងក្រោមនេះ គឺជាកំណត់សម្គាល់ក្នុងការជ្រើសរើស ប្រភេទបន្លែនិងផ្លែឈើមួយចំនួនធំ ដែលអ្នកកំពុងតែទន្ទឹងរង់ចាំ។ តោះទៅតាមដានទាំងអស់គ្នា!
• ផ្លែប៊ឺ (Avocado) ៖ សំបកត្រូវមានសភាពគ្រើម ពណ៌បៃតងចាស់ និងគ្មានស្នាមប្រេះបែក។ ជាពិសេស ពេលយកដៃសង្កត់ មិនរឹងពេក។
• ផ្លែឪឡឹក ៖ ក្រឡាលើសំបក ត្រូវមានក្រឡាច្បាស់ៗ និងមានទងពណ៌លឿង ហើយស្ងួត។ ជាពិសេស ត្រូវជ្រើសរើសឪឡឹកដែលមានទំហំមិនធំពេក មិនតូចពេក និងធ្ងន់ល្អ។
• ផ្លែម្នាស់ ៖ អ្នកត្រូវជ្រើសរើសម្នាស់ ដែលមានពណ៌លឿង (ចៀសវាងមានពណ៌រាងក្រហម) និងមានភ្នែកពណ៌ត្នោត រីឯដើមរបស់វាត្រូវតែក្រាស់ និងមានពណ៌បៃតង។ ជាពិសេស វាត្រូវតែធ្ងន់ និងមានក្លិនក្រអូបឈ្ងុយ។
• ផ្លែត្រសក់ស្រូវ Melon ៖ ត្រូវមានសំបកគ្រើម ធ្ងន់ និងមានក្លិនក្រអូប។ ប្រសិនបើអ្នកចង់បានផ្លែត្រសក់ទុំ អ្នកអាចគោះរកត្រសក់ណាមួយ ដែលមានសម្លេងឮខ្សោយជាងគេ។
• ផ្លែទទឹម ៖ សំបកត្រូវមានពណ៌ក្រហម ភ្លឺ និងមិនត្រូវមានសភាពស្ងួតពេកទេ។ ជាពិសេស វាត្រូវមានលក្ខណៈរឹង ធ្ងន់ និងគ្មានក្លិននោះទេ។
• ផ្លែប៉ោម ៖ សំបកត្រូវមានពណ៌ក្រហមក្រម៉ៅ ភ្លឺ រឹង ធ្ងន់ មានក្លិនក្រអូប និងមិនត្រូវមានស្នាមអុជ ឬស្នាមប្រេះឡើយ។ ប្រសិនបើសំបក របស់វាមានសភាពរអិល ដូចជាប្រេង សូមអ្នកកុំទិញឲ្យសោះ ពីព្រោះវាមានផ្ទុកជាតិគីមី។
• ផ្លែចេក ៖ សំបកត្រូវមានពណ៌លឿងស្រស់ (សម្រាប់អ្នកចង់ញ៉ាំភ្លាមៗ) ឬត្រូវមានពណ៌បៃតងស្មើសាច់ (សម្រាប់អ្នកចង់ទិញទុក)។ ជាពិសេស ត្រូវចៀសវាងចេកដែលមានសំបកជាំ ឬដាច់រហែក។
• ផ្លែ Blueberries ៖ ត្រូវជ្រើសរើសផ្លែ Blueberries ដែលរឹង ស្ងួត និងមានពណ៌ខៀវចាស់។ ម្សៅពណ៌ស ដែលមានជាប់នៅលើផ្លែ Blueberries គឺជាធម្មជាតិរបស់វាទេ។
• ផ្លែឈឺរី (Cherries) ៖ ត្រូវជ្រើសរើសផ្លែឈឺរី ដែលមើលទៅថ្លោស សំបកភ្លឺ និងមានពណ៌ក្រម៉ៅ។ ផ្លែឈឺរី ដែលមានទងជាប់នឹងផ្លែ អាចទុកបានរយៈពេលយូរ។
• ផ្លែក្រូចថ្លុង ៖ សំបកត្រូវតែរលោង មានសភាពស្តើង កាន់តែធ្ងន់កាន់តែល្អ។ ជាពិសេស នៅពេលសង្កត់ មិនមានសភាពរឹងជ្រុលទេ។
• ផ្លែទំពាំងបាយជូរ ៖ ត្រូវមានសភាពរឹង ថ្លោស និងធ្ងន់។ ជាពិសេស សំបករបស់វា មិនត្រូវមានសភាពជ្រួញ ឬស្នាមអុជអ្វីឡើយ។
• ផ្លែគីវី ៖ ជ្រើសរើសផ្លែណា ដែលមិនរឹងដូចដុំថ្មពេក និងក៏មិនត្រូវទន់ពេកដែរ។ ជាពិសេស មានសំបករាងគ្រើមតិចៗ។
• ផ្លែស្វាយ ៖ ជ្រើសរើសផ្លែណា ដែលសង្កត់ទៅ មានសភាពទន់តាមកម្លាំងដៃតិចៗ។ ជាពិសេស មានក្លិនក្រអូប នៅត្រង់ទងរបស់វា។
• ផ្លែក្រូច ៖ សំបកត្រូវមានសភាពរលោង (ចៀសវាងសំបកស្វិតជ្រីវជ្រួញ) រឹង និងមានទម្ងន់ធ្ងន់។ សម្រាប់ពណ៌របស់វា មិនជាបញ្ហាអ្វីឡើយ។
• ផ្លែស្រ្តប៊ីរី ៖ ត្រូវជ្រើសរើសផ្លែ ដែលមានពណ៌ក្រហមស្រស់ និងមានក្លិនឈ្ងុយ ជាពិសេស ទងរបស់វា ត្រូវតែស្រស់ និងមានពណ៌បៃតង។
• ក្រូចឆ្មារ ៖ ត្រូវមានសំបកភ្លឺ និងមិនត្រូវមានដុំពក ឬប្រហោងនោះទេ។ ជាពិសេស ត្រូវចងចាំថា ក្រូចឆ្មារដែលកាន់តែធ្ងន់ គឺកាន់តែមានទឹកច្រើន។
Subscribe to:
Post Comments (Atom)
No comments:
Write comments